Homepage > ៤ ចំនុចដែលអ្នកគួរដឹងពីការសន្ទនាជាភាសាអង់គ្លេស
៤ ចំនុចដែលអ្នកគួរដឹងពីការសន្ទនាជាភាសាអង់គ្លេស

ការទំនាក់ទំនងគឺជាជំនាញមួយដែលអ្នកគួរយល់ដឹង។ វាគឺជាអ្វីដែលអ្នកត្រូវប្រឈមមុខរាល់ថ្ងៃ ដូចជាការធ្វើការ ទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ មនុស្សជាទីស្រលាញ់ដើម្បីឲ្យមិត្តភាព ឬការទំនាក់ទំនងនៅស្ថិតថេរ។ ប៉ុន្តែមានបញ្ហាមួយចំនួនដែលអ្នកបង្កឡើងដោយមិនដឹងខ្លួន ទៅលើមនុស្សដែលអ្នកកំពុងសន្ទនាជាមួយ ហើយបញ្ហាទាំងនោះអាចនាំអោយអ្នកបរាជ័យរក្សាមិត្តភាព ឬការទំនាក់ទំនងជាមួយពិភពខាងក្រៅ។
ខាងក្រោមនោះ ៤ ​ចំនុចដែលអ្នកគួរស្វែងយល់ពីការសន្ទនា៖







មិនគួរនិយាយកាត់សម្តី
ចំនុចសំខាន់ក្នុងការសន្ទនាគឺការស្តាប់ ហើយបញ្ចេញមតិយោបល់​​​ ក៏ដូចជាការផ្លាស់ប្តូរគំនិតទៅវិញទៅមក ដែលជាហេតុឲ្យអ្នកត្រូវយកចិត្តទុកដាក់ស្តាប់ ពីចារណា និងបញ្ចេញមតិ។
ក្នុងនោះដែរ មានកត្តាមួយចំនួនដែលអ្នកកំពុងមើលរំលង ពីកំហុសដែលអ្នកបង្កើតរាល់ថ្ងៃ នោះគឺការនិយាយ ឬបញ្ចេញយោបល់កាត់សម្តីរបស់ដៃគូ។ អ្នកប្រហែលជាគិតថា សម្តីរបស់ដៃគូមិនសូវជាសំខាន់ ព្រោះអ្វីដែលអ្នកត្រូវនិយាយសំខាន់ជាង ក៏ប៉ុន្តែទង្វើបែបនេះ គឺមិនគួរឲ្យកើតមានក្នុងពេលសន្ទនានោះទេ។
អ្នកគួរចៀសវៀងនូវបញ្ហានេះ ដើម្បីឲ្យដៃគូមិនទទួលសម្ពាធពីអ្នក! ​


កុំបញ្ចប់ប្រយោគរបស់អ្នកដ៏ទៃ
មនុស្សជាច្រើនតែងយល់ថាក្នុងការសន្ទនា ប្រសិនបើដៃគូមានភាពរអាក់រអួល និយាយមិនចេញ ឬយ៉ាងណានោះ ពួកគេនឹងជួយបញ្ចប់ប្រយោគ ក៏ដូចជាបន្ថែមនូវពាក្យក្នុងឃ្លាទាំងនោះឲ្យមានន័យ។ ប៉ុន្តែការធ្វើបែបនេះគឺជាទង្វើរមួយដ៏ខុស ដែលអ្នកគួរកាត់បន្ថយ ឬកែប្រែ។
តាមការស្រាវជ្រាវបានបញ្ជាក់ថា ការជួយបញ្ជប់ ឬបំពេញប្រយោគរបស់អ្នកដទៃបែបនេះ ប្រៀបបានដូចជា មិនអនុញ្ញាតឲ្យដៃគូបញ្ចប់នូវអ្វីដែលចង់និយាយ​ ដែលធ្វើឲ្យការសន្ទនាមានភាពតូចចង្អៀត ម៉្យាងទៀតវាហាក់បីដូចជាអ្នកកំពុងតែគ្រប់គ្រងស្ថានការណ៍ទាំងមូល និងដឹងពីអ្វីដែលដៃគូចង់និយាយ។


បង្កើនការស្តាប់ ដោយយកចិត្តទុកដាក់
គួរបង្កើនការស្តាប់ ដោយយកចិត្តទុកដាក់​ចង់ដឹង ជាងការបន្លំជាស្តាប់ ឬ ស្តាប់ដោយប្រើភ្នែក។​ ការយកចិត្តទុកដាក់ស្តាប់បង្ហាញថាអ្នកចង់ដឹង ចាប់អារម្មណ៍លើប្រធានបទដែលបាននិយាយ និងចង់ចូលរួមឲ្យជាមតិយោបល់។ ការស្តាប់ផ្តល់ផលប្រយោជន៍ច្រើនដល់អ្នក ដូចជាបង្កើនចំនេះដឹងថ្មី​ បង្កើនភាពស្និទ្ឋស្នាល ដឹងពីព័ត៌មានជុំវិញខ្លួន ជាពិសេសវាបង្ហាញពីការឲ្យតម្លៃទៅលើដៃគូរបស់អ្នក។


ការប្រើប្រាស់ក្រសែភ្នែក
ការប្រើប្រាស់ក្រសែភ្នែកទៅកាន់ភាគីដែលអ្នកកំពុងសន្ទនាជាមួយ គឺជាទង្វើរដែលអ្នកគួរអនុវត្ត។ ដៃគូរបស់អ្នកនឹងមានអារម្មណ៍ជឿជាក់ ក្នុងការបញ្ចេញយោបល់ ក៏មានន័យថាអ្នកចាប់អារម្មណ៍ ទទួលស្តាប់បាន ហើយយល់ពីចំនុចដែលកំពុងលើកមកនិយាយ។ លើសពីនេះការសន្ទនារបស់អ្នកនឹងមិនមានភាពតានតឹង ហើយគ្រប់ការទំនាក់ទំនង នឹងមានន័យសម្រាប់អ្នក។